(បាគូ)៖ យោងតាមប្រភពព័ត៌មានអន្តរជាតិបានឱ្យដឹងថា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ នេះ មានការវាយប្រហារដោយយន្តហោះដ្រូនគ្មានមនុស្សបើក (Drone) ប្រភេទ Shahed ដែលជារបស់ប្រទេសអ៊ីរ៉ង់ បានធ្លាក់ចំតំបន់អាកាសយានដ្ឋានអន្តរជាតិ Nakhchivan ស្ថិតក្នុងដែនដីក្រៅឆ្ងាយ (Exclave) នៃប្រទេសអាស៊ែបៃហ្សង់។
តាមរបាយការណ៍បឋម ការវាយប្រហារនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលអាកាសយានដ្ឋាននេះស្ថិតនៅចម្ងាយប្រមាណតែ ១០ គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនអ៊ីរ៉ង់។ ហេតុការណ៍នេះបានកើតឡើងស្របពេលដែលស្ថានភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ាកំពុងរីកធំឡើង ដែលបង្កឱ្យមានការព្រួយបារម្ភអំពីសន្តិសុខនៅតាមបណ្តាប្រទេសជិតខាង។
រហូតមកដល់ពេលនេះ ភាគីអាស៊ែបៃហ្សង់កំពុងធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ទៅលើទំហំនៃការខូចខាត និងប្រភពនៃការបាញ់បង្ហោះឱ្យបានច្បាស់លាស់ ខណៈដែលកងកម្លាំងការពារព្រំដែន និងសន្តិសុខជាតិត្រូវបានដាក់ឱ្យស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់បំផុត។
គួររំលឹកផងដែរថា ដ្រូនប្រភេទ Shahed គឺជាយន្តហោះដ្រូនអត្តឃាត (Kamikaze Drone) ដែលត្រូវបានផលិតដោយប្រទេសអ៊ីរ៉ង់ និងត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈការប្រើប្រាស់ក្នុងជម្លោះតំបន់ផ្សេងៗនាពេលកន្លងមក។ ស្ថានភាពនេះអាចនឹងធ្វើឱ្យទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាន់តែមានភាពរកាំរកូសបន្ថែមទៀត។




















