**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន ក្នុងឱកាសរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង» ឆ្នាំ២០២៦**

**(ខេត្តព្រៃវែង)៖** នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃចន្ទ ១១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៩ ឯកឧត្តមអភិសន្តិបណ្ឌិត **ស សុខា** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការរៀបចំព្រឹត្តិការណ៍ **«សង្ក្រាន្តព្រៃវែង»** ឆ្នាំ២០២៦។

អមដំណើរក្នុងឱកាសដ៏វិសេសវិសាលនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម **សួន សុម៉ាលីន** អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ **ជុន បូរ៉ានី** ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការយ៉ាងច្រើនកុះករ។

ពិធីសាសនានេះត្រូវបានប្រារព្ធឡើងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា នៅទីតាំងសក្ការៈសំខាន់ៗចំនួនពីរ រួមមាន៖ នៅតំបន់ប្រវត្តិសាស្ត្រទួលបារាយណ៍អណ្តែត និងនៅអគារតម្កល់ទូក «ង» **«សន្តិបាលាគារកម្ពោជិកបុត្តាខេមរាតរី»** ដែលស្ថិតនៅក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។ ការរៀបចំពិធីបួងសួងនេះ គឺមានគោលបំណងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម **រាក្សៈទេវី** សូមជួយបីបាច់ថែរក្សាការពារសន្តិសុខ សុវត្ថិភាព និងផ្តល់នូវសិរីសួស្តីជ័យមង្គល ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ក្នុងឱកាសនៃការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនេះឱ្យប្រព្រឹត្តទៅដោយភាពរលូន និងសប្បាយរីករាយ។

ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តព្រៃវែង ដែលបានសហការគ្នាយ៉ាងល្អប្រសើរក្នុងការរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង» ដើម្បីលើកកម្ពស់វប្បធម៌ ទំនៀមទម្លាប់ និងកិត្យានុភាពជាតិ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើស្មារតីសាមគ្គីភាព និងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តក្នុងទឹកដីខេត្តព្រៃវែង។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង» ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងក្នុងគោលបំណងរឹតចំណងសាមគ្គីភាព និងផ្ដល់ឱកាសឱ្យយុវជន ក៏ដូចជាមហាជនបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ទស្សនាការសម្ដែងសិល្បៈ និងការតាំងពិព័រណ៍ផ្សេងៗ ដែលជាផ្នែកមួយនៃការថែរក្សា និងអភិរក្សកេរដំណែលដូនតាឱ្យបានគង់វង្សស្របតាមច្បាប់ស្តីពីការការពារបេតិកភណ្ឌវប្បធម៌។

ពិធីនេះបានបញ្ចប់ទៅក្រោមបរិយាកាសដ៏អធិកអធម និងសិរីសួស្តីបំផុត ដែលជាសញ្ញាណនៃការចាប់ផ្តើមឆ្នាំថ្មីប្រកបដោយសេចក្តីសង្ឃឹម សន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍ក្រោមម្លប់នៃសុខសន្តិភាព៕

**ការិយាល័យព័ត៌មាន KPDNEWS**

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *