ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានប្រកាសពីលទ្ធផលនៃការបង្ក្រាបករណីកំហែងយកប្រាក់ និងគំរាមកំហែងហែកកេរ្តិ៍ ដែលត្រូវបានធ្វើឡើងក្រោមរូបភាពជាការផ្ដល់កម្ចីតាមប្រព័ន្ធអនឡាញខុសច្បាប់។
យោងតាមប្រភពព័ត៌មានពីនាយកដ្ឋានជំនាញ កិច្ចប្រតិបត្តិការនេះត្រូវបានអនុវត្តក្រោមបទបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលណែនាំផ្ទាល់ពីថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ កាលពីថ្ងៃទី០៣ ខែមិថុនា កន្លងទៅ កម្លាំងជំនាញបានបើកការស្រាវជ្រាវលើករណីសង្ស័យពាក់ព័ន្ធនឹងការកំហែងយកប្រាក់ និងការគំរាមកំហែងហែកកេរ្តិ៍ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ (ក្នុងនោះមានស្ត្រីម្នាក់) ជាជនជាតិខ្មែរ។
តាមរយៈការស្រាវជ្រាវបឋម ជនសង្ស័យត្រូវបានរាយការណ៍ថា បានប្រើប្រាស់គណនីបណ្ដាញសង្គមហ្វេសប៊ុកដែលមានឈ្មោះថា “Zeii Neth” ជាមធ្យោបាយក្នុងការទាក់ទងជាមួយជនរងគ្រោះ ដើម្បីធ្វើសកម្មភាពគំរាមកំហែងហែកកេរ្តិ៍ និងកំហែងទារប្រាក់ពីជនរងគ្រោះជាបន្តបន្ទាប់។
បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ខាងលើ ត្រូវបាននាយកដ្ឋានជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ក្រោយការពិនិត្យអង្គហេតុ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនសង្ស័យជាបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទ «គំរាមកំហែងហែកកេរ្តិ៍» ដោយបញ្ជូនទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ព្រៃស ម១) និងមណ្ឌលអប់រំកែប្រែទី២ (ព្រៃស ម២) ដើម្បីរង់ចាំការកាត់ទោសតាមផ្លូវច្បាប់៕




















