ពលរដ្ឋនៅស្រុកពារាំង ចោទប្រកាន់មន្ត្រីសុរិយោដីថា កំណត់យកប្រាក់ក្រៅផ្លូវការ ជាថ្នូរនឹងការវាស់វែង និងចែកប័ណ្ណកម្មសិទ្ធិដីធ្លី

[ខេត្តព្រៃវែង, ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦] – ប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង បានសម្ដែងការមិនពេញចិត្ត និងបានដាក់ការសង្ស័យទៅលើតម្លាភាពនៃកិច្ចប្រតិបត្តិការរបស់មន្ត្រីសុរិយោដីមួយចំនួន ដែលចុះអនុវត្តការវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធ និងការចែកប័ណ្ណកម្មសិទ្ធិ ដោយពួកគាត់អះអាងថា មានការទាមទារប្រាក់កម្រៃលើសពីសេវាដែលច្បាប់បានកំណត់។

យោងតាមប្រភពពីប្រជាពលរដ្ឋក្នុងភូមិសំបួរ ឃុំកំពង់ប្រាំង បានលើកឡើងថា មានករណីមន្ត្រីម្នាក់ដែលពួកគាត់ស្គាល់ឈ្មោះថា វណ្ណា រស្មី ត្រូវបានគេចោទប្រកាន់ថា បានកំណត់យកប្រាក់ចំនួន ៣០០ដុល្លារ ជាថ្នូរនឹងការកាត់ឈ្មោះ និងកែសម្រួលឯកសារដីធ្លី។ ករណីជាក់ស្តែង ស្រ្តីម្នាក់បានអះអាងថា រូបគាត់ត្រូវបានមន្ត្រីរូបនោះតម្រូវឱ្យបង់ប្រាក់ ៣០០ដុល្លារ សម្រាប់ការរៀបចំឯកសារកាត់ឈ្មោះឱ្យបងប្អូន និង ៣០០ដុល្លារផ្សេងទៀតសម្រាប់កិច្ចការបំពេញឯកសារបង្ហើយលើដីដែលនៅសេសសល់ ប៉ុន្តែចុងក្រោយបែរជាមិនទទួលបានប័ណ្ណកម្មសិទ្ធិតាមការកំណត់ទៅវិញ។

ក្រៅពីការចោទប្រកាន់លើករណីបុគ្គល ពលរដ្ឋក៏បានរាយការណ៍ផងដែរអំពី “ថ្លៃសេវាក្រៅផ្លូវការ” ជាបន្តបន្ទាប់ក្នុងដំណើរការចុះបញ្ជីដីធ្លី រួមមាន៖ ការវាស់វែងដោយម៉ាស៊ីន GPS តម្រូវឱ្យបង់ពី ១០,០០០ ទៅ ៣០,០០០រៀល, ការផ្ដិតមេដៃលើឯកសារ ១០,០០០រៀល, ការបិទផ្សាយទិន្នន័យ ១០,០០០រៀល និងការកែតម្រូវឈ្មោះឬទំហំដី ២០,០០០រៀល ក្នុងមួយប្លង់។ សូម្បីតែក្នុងដំណាក់កាលចែកប័ណ្ណកម្មសិទ្ធិ ក៏មានការចោទថា មន្ត្រីបានលក់ថង់ផ្លាស្ទិកក្នុងតម្លៃ ២,០០០រៀល និងយកកម្រៃសេវាដកប័ណ្ណចាប់ពី ១៥,០០០ ដល់ ៦០,០០០រៀល ដែលលើសពីតារាងតម្លៃសេវាផ្លូវការរបស់រដ្ឋ។

ឆ្លើយតបនឹងការលើកឡើងនេះ លោក អេង ផេងអាន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់ខេត្តព្រៃវែង បានបំភ្លឺតាមទូរស័ព្ទថា តាមគោលការណ៍ច្បាប់ រាល់ការចុះវាស់វែងដីធ្លីបន្ថែមក្នុងយុទ្ធនាការវាស់វែងជាលក្ខណៈប្រព័ន្ធ គឺមិនតម្រូវឱ្យមានការបង់ប្រាក់នោះឡើយ។ លោកបានបញ្ជាក់ថា ការយកប្រាក់ពីពលរដ្ឋក្នុងដំណាក់កាលចែកប័ណ្ណ គឺជាកម្រៃសេវារដ្ឋបាលតាមច្បាប់កំណត់តែប៉ុណ្ណោះ។

ដោយឡែក លោក អន ភារៈ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រៃវែង ក៏បានសង្កត់ធ្ងន់ផងដែរថា រាល់ការអនុវត្តការងារវាស់វែងដីធ្លីជាប្រព័ន្ធ គឺមិនមានការតម្រូវឱ្យបង់ប្រាក់ក្រៅពីសេវាដែលបានកំណត់ក្នុងតារាងតម្លៃផ្លូវការនោះទេ។ ចំពោះការចោទប្រកាន់លើការយកប្រាក់លើសកម្រិត ឬការកំណត់យកប្រាក់រាប់រយដុល្លារក្នុងមួយប្លង់ អាជ្ញាធរនឹងបន្តតាមដាន និងពិនិត្យលើករណីនេះ ដើម្បីធានាបាននូវយុត្តិធម៌ជូនប្រជាពលរដ្ឋ និងរក្សាសេចក្តីថ្លៃថ្នូររបស់មន្ត្រីរាជការ៕

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *