បំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស្លាកលេខរដ្ឋ និងម៉ូតូ នៅខណ្ឌឫស្សីកែវ៖ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមនីតិវិធី

(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កការចាប់អារម្មណ៍លើបណ្តាញសង្គម កាលពីយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចផ្លូវឧកញ៉ា ម៉ុង ឫទ្ធី ក្នុងភូមិកោះអណ្តែត សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។

ហេតុការណ៍នេះបានកើតឡើងរវាងរថយន្តម៉ាក MAZDA ពាក់ស្លាកលេខរដ្ឋ ១០ 2-2376 និងម៉ូតូម៉ាក HONDA DREAM ពាក់ស្លាកលេខ 1GG-3874 បណ្តាលឱ្យភាគីខាងម៉ូតូរងរបួស។ តាមការសាកសួរព័ត៌មានបឋមពីប្រជាពលរដ្ឋ និងសន្តិសុខបុរីនៅកន្លែងកើតហេតុ បានឱ្យដឹងថា ភាគីទាំងពីរបានព្រមព្រៀងសម្របសម្រួលគ្នាដោះស្រាយនៅនឹងកន្លែង មុនពេលសមត្ថកិច្ចទៅដល់។

ទោះជាយ៉ាងណា ចំពោះករណីនេះ មន្ត្រីជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ កំពុងបន្តនីតិវិធីស្រាវជ្រាវ និងសាកសួរភាគីទាំងពីរឱ្យបានច្បាស់លាស់ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្តទៀត។

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *