**សេចក្តីប្រកាសព័ត៌មានស្តីពីព្រះរាជសុខភាព នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងអំឡុងពេលនៃការពិនិត្យ និងព្យាបាលព្រះរោគ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន**

**(រាជធានីភ្នំពេញ)៖** ក្រសួងព្រះបរមរាជវាំង បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការ ជម្រាបជូនសាធារណជន និងប្រជានុរាស្ត្រខ្មែរទាំងក្នុង និងក្រៅប្រទេសឱ្យបានជ្រាបថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គនឹងទទួលការព្យាបាលព្រះរោគដោយវះកាត់ តាមការថ្វាយយោបល់របស់ក្រុមវេជ្ជបណ្ឌិតជំនាញ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

យោងតាមខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មាន បច្ចុប្បន្នភាពនៃព្រះរាជសុខភាពរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង កំពុងស្ថិតក្រោមការពិនិត្យយ៉ាងយកចិត្តទុកដាក់ និងវាយតម្លៃយ៉ាងម៉ត់ចត់ជាទីបំផុត ពីក្រុមវេជ្ជបណ្ឌិតល្បីៗដែលមានជំនាញខ្ពស់ប្រចាំមន្ទីរពេទ្យរដ្ឋធានីប៉េកាំង។ ជាលទ្ធផលនៃការពិនិត្យយ៉ាងលម្អិត ក្រុមវេជ្ជបណ្ឌិតបានក្រាបបង្គំទូលថ្វាយយោបល់ជូនអង្គព្រះមហាក្សត្រថា ព្រះរោគរបស់ព្រះអង្គ តម្រូវឱ្យមានការព្យាបាលដោយវិធីសាស្ត្រវះកាត់។

ក្នុងស្មារតីនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យយល់ព្រមទទួលការព្យាបាលដោយវះកាត់ ស្របតាមវេជ្ជបញ្ជា និងបច្ចេកទេសវេជ្ជសាស្ត្រ ដោយនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នេះតទៅ។ ក្រោយកិច្ចដំណើរការនៃការវះកាត់បានបញ្ចប់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹងបន្តគង់ប្រថាប់នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំងមួយរយៈពេលទៀត ដើម្បីឱ្យក្រុមវេជ្ជបណ្ឌិតបន្តតាមដាន និងថែទាំព្រះរាជសុខភាពឱ្យបានហ្មត់ចត់ស្របតាមវេជ្ជបញ្ជា។

សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់បន្ថែមថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ បន្ទាប់ពីព្រះរាជសុខភាពរបស់ព្រះអង្គបានធូរស្បើយ និងមានព្រះកាយពលល្អបរិបូរណ៍ឡើងវិញ ក្រោមការសម្រេច និងផ្តល់វេជ្ជបញ្ជាពីក្រុមវេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យរដ្ឋធានីប៉េកាំង។

ក្នុងនាមជាស្ថាប័នព័ត៌មានដែលមានវិជ្ជាជីវៈ KPDNEWS សូមប្រកាន់ខ្ជាប់នូវក្របខ័ណ្ឌច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ចូលរួមថ្វាយព្រះពរជ័យ សិរីសួស្តី វិបុលសុខ មហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទទួលបានជោគជ័យក្នុងការជួយសង្គ្រោះព្រះរាជសុខភាព និងសូមមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ៕

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *