**ភ្នំពេញ៖** យោងតាមសេចក្ដីរាយការណ៍ផ្លូវការ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានធ្វើការបណ្តេញជនបរទេសសរុបចំនួន ៨១៦នាក់ ក្នុងនោះមានស្រី ៦៣នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា។ ការបណ្តេញចេញនេះ ត្រូវបានអនុវត្តតាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ ពាក់ព័ន្ធនឹងបទល្មើសជាច្រើន រួមមានករណីឆបោកតាមប្រព័ន្ធអនឡាញ ការលួចឆ្លងដែន ការស្នាក់នៅ និងការប្រកបមុខរបរខុសច្បាប់។
ប្រតិបត្តិការដ៏ម៉ឺងម៉ាត់នេះ ត្រូវបានអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម សន្តិបណ្ឌិត រួមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។ ក្នុងក្របខ័ណ្ឌនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំដល់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ឱ្យបន្តអនុវត្តវិធានការរដ្ឋបាល និងច្បាប់ ទៅលើជនបរទេសទាំងនោះ ប្រកបដោយប្រសិទ្ធភាព។
ក្នុងចំណោមជនបរទេសទាំង ៨១៦នាក់នោះ មានជនជាតិចិនចំនួន ៤៩៤នាក់ ដែលត្រូវបានគេដឹងថា ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។ ជនជាតិចិនទាំងនេះ ត្រូវបានបណ្តេញចេញតាមរយៈយន្តហោះពិសេស ពីប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។ ចំណែកជនបរទេសមួយចំនួនទៀត ត្រូវបានបណ្តេញចេញដោយសារតែករណីលួចឆ្លងដែនខុសច្បាប់ ការស្នាក់នៅក្នុងប្រទេសដោយគ្មានលិខិតឆ្លងដែន ឬឯកសារអនុញ្ញាតត្រឹមត្រូវ និងការប្រកបមុខរបរ ឬធ្វើការងារដោយគ្មានការអនុញ្ញាតស្របច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
យោងតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ និងបទប្បញ្ញត្តិពាក់ព័ន្ធ ជនបរទេសដែលស្នាក់នៅ ឬធ្វើការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវតែគោរពយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ និងបទប្បញ្ញត្តិដែលមានជាធរមាន។ ការបណ្តេញចេញជនបរទេសទាំងនេះ គឺជាចំណាត់ការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តច្បាប់អន្តោប្រវេសន៍ ដើម្បីធានានូវសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅតែបន្តប្ដេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន តាមដាន និងចាត់វិធានការណ៍ចំពោះជនបរទេសណាដែលបំពានច្បាប់អន្តោប្រវេសន៍ និងច្បាប់ដទៃទៀតរបស់កម្ពុជា ដើម្បីរួមចំណែកដល់ការរក្សាសន្តិសុខ និងស្ថិរភាពសង្គមជាតិទាំងមូល។




















