ភ្នំពេញ៖ ក្នុងជំហរម៉ឺងម៉ាត់បំផុតក្នុងការការពារសន្តិសុខឌីជីថល និងសណ្តាប់ធ្នាប់សង្គម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ចេញនូវបទបញ្ជាដាច់ខាត ក្នុងការបង្ក្រាបរាល់បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យដល់ឫសគល់ ដោយគ្មានការលើកលែង។
យោងតាមការបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យហ្លួងម៉ែ នាទីក្រុងភ្នំពេញ សម្តេចធិបតីបានសង្កត់ធ្ងន់ថា វិធានការបង្ក្រាបនេះត្រូវធ្វើឡើងដោយភាពដាច់ខាត មិនបង្អែបង្អង់ និងមិនឈប់ឈរឡើយ រហូតដល់បណ្តាញទាំងនោះត្រូវបានលុបបំបាត់ទាំងស្រុង។
នៅក្នុងសេចក្តីថ្លែងការណ៍ដ៏មានឥទ្ធិពល សម្តេចនាយករដ្ឋមន្ត្រីបានផ្ញើសារព្រមានធ្ងន់ៗទៅកាន់មន្ត្រីរាជការ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់៖
ចំពោះមន្ត្រីអសកម្ម៖ មន្ត្រីរូបណាដែលមិនមានសេចក្តីក្លាហាន ឬមិនហ៊ានចាត់វិធានការចំពោះបណ្តាញឆបោកនៅក្នុងមូលដ្ឋាន ឬយុត្តាធិការរបស់ខ្លួន សម្តេចបានដាស់តឿនឱ្យបុគ្គលនោះលាលែងចេញពីតំណែងជាបន្ទាន់។
ចំពោះមន្ត្រីដែលគប់គិត៖ សម្តេចធិបតីបានព្រមានថា នឹងប្រើប្រាស់វិធានការ “វះកាត់” ដោយគ្មានការអត់ឱន ចំពោះមន្ត្រីណាដែលត្រូវបានរកឃើញថាមានការឃុបឃិត ឬនៅពីក្រោយខ្នងនៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលចាត់ទុកការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដែលប៉ះពាល់ដល់កិត្តិយសជាតិ និងសន្តិសុខសេដ្ឋកិច្ច។ ដូច្នេះ ការអនុវត្តច្បាប់ត្រូវតែធ្វើឡើងឱ្យបានតឹងរ៉ឹងបំផុត។ វិធានការក្ដៅដែលដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែទម្រង់ស្ថាប័ន និងការសម្អាតមន្ត្រីខិលខូច ដើម្បីធានាឱ្យបាននូវបរិយាកាសឌីជីថលដែលមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ និងវិនិយោគិន ព្រមទាំងការពារស្ថិរភាពសង្គមទាំងមូល។
—
រាយការណ៍ដោយ៖ ក្រុមការងារនិពន្ធព័ត៌មាន




















