(ភ្នំពេញ)៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់អាវុធមុតស្រួច (កាំបិតប៉័ងតោ) ប៉ុនប៉ងសម្លាប់ភរិយារបស់ខ្លួនមិនបានសម្រេច និងបានព្យាយាមធ្វើអត្តឃាតខ្លួនឯងក្រោយបង្កហេតុ ដើម្បីគេចវេសពីការទទួលខុសត្រូវ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍អំពើហិង្សាក្នុងគ្រួសារដ៏សាហាវឃោរឃៅនេះ បានកើតឡើងកាលពីវេលាម៉ោង ០៦:៣០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ស្ថិតក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ប៉ែន ស៊ីណាត អាយុ ៤០ឆ្នាំ មុខរបរជាជាងកញ្ចក់។ ចំណែកឯជនរងគ្រោះដែលជាភរិយា មានឈ្មោះ ស៊ីម គឹមរស់ អាយុ ៣៦ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុជាមួយគ្នា។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតមានអំពើហិង្សា គេសង្កេតឃើញមានជម្លោះពាក្យសម្ដីរវាងប្តីប្រពន្ធទាំងពីរ រហូតឈានដល់ការប្រើហិង្សា ដោយជនសង្ស័យបានយកកាំបិតប៉័ងតោមកកាប់ទៅលើភរិយា បំណងផ្ដាច់ជីវិត ប៉ុន្តែមិនបានសម្រេច។
ក្រោយពេលបង្កហេតុ ដោយមានក្ដីស្លន់ស្លោ និងភ័យខ្លាចចំពោះទង្វើដែលខ្លួនបានប្រព្រឹត្ត ជនសង្ស័យបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ ហើយបានព្យាយាមធ្វើអត្តឃាតខ្លួនឯងថែមទៀតផង។ ទោះជាយ៉ាងណា ក្រោមការបញ្ជាផ្ទាល់ពីលោកអធិការនគរបាលខណ្ឌដង្កោ កម្លាំងនគរបាលយុត្តិធម៌នៃផ្នែកព្រហ្មទណ្ឌ បានសហការយ៉ាងស្អិតរមួតជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ ចុះអន្តរាគមន៍ទប់ស្កាត់ និងឃាត់ខ្លួនជនសង្ស័យបានទាន់ពេលវេលា យកមកសាកសួរនៅអធិការដ្ឋាន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ប៉ុនប៉ងមនុស្សឃាត» ដែលអាចប្រឈមនឹងទោសទណ្ឌតាមបញ្ញត្តិដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
អង្គភាពព័ត៌មាន KPDNEWS សូមរំលឹកដល់សាធារណជន ជាពិសេសគូស្វាមីភរិយា ឱ្យប្រកាន់ខ្ជាប់នូវអហិង្សា និងការយោគយល់អធ្យាស្រ័យគ្នា ក្នុងជីវិតអាពាហ៍ពិពាហ៍ ដើម្បីចៀសវាងនូវសោកនាដកម្មដែលនាំឱ្យមានការបែកបាក់គ្រួសារ និងទោសទណ្ឌតាមផ្លូវច្បាប់។




















