**(ភ្នំពេញ)៖** ថ្ងៃនេះ ត្រូវនឹងថ្ងៃចន្ទ ១៥កើត ពេញបូណ៌មី ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ គឺថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ជាថ្ងៃសីលដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធសាសនិកនៅទូទាំងប្រទេសកម្ពុជា និងពិភពលោកប្រារព្ធពិធីបុណ្យ «មាឃបូជា» ដើម្បីរំឭកដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រចំនួនបីយ៉ាង។ ពិធីបុណ្យនេះត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ នៅពេលដែលព្រះចន្ទគោចរមកដល់ផ្កាយឫក្សឈ្មោះ «មាឃ»។
បុណ្យមាឃបូជាប្រារព្ធឡើងដើម្បីរំឭកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងលើលោក ក្នុងប្រទេសឥណ្ឌា កាលពី ៥៨៨ ឆ្នាំមុនគ្រិស្តសករាជ នាថ្ងៃទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។ ព្រឹត្តិការណ៍ដ៏សំខាន់បំផុត ដែលធ្វើឲ្យថ្ងៃពេញបូណ៌មីខែមាឃនេះក្លាយជាបុណ្យជាតិ គឺការដែលព្រះសម្មាសម្ពុទ្ធបានទ្រង់សម្តែងនូវ «ឱវាទព្រះបាតិមោក្ខ» ដែលជាបេះដូងនៃពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ។ ឱវាទបាតិមោក្ខនេះមានខ្លឹមសារសំខាន់ថា៖ «ការមិនធ្វើនូវអំពើអាក្រក់ទាំងពួង, ការបំពេញនូវអំពើល្អ, និងការសម្អាតចិត្តរបស់ខ្លួន»។
ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍មួយទៀតដែលធ្វើឲ្យថ្ងៃមាឃបូជាកាន់តែមានសារៈសំខាន់ គឺថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសកំណត់ដាក់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គ បីខែមុនថ្ងៃចូលបរិនិព្វាន។ តាមរយៈពិធីបុណ្យនេះ ព្រះពុទ្ធសាសនិកគ្រប់រូបត្រូវបានលើកទឹកចិត្តឲ្យចូលរួមធ្វើបុណ្យទាន រក្សាសីល សមាធិ និងសម្អាតចិត្តរបស់ខ្លួន ដើម្បីរំឭកដល់គុណព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គបានបង្កើតព្រះពុទ្ធសាសនាជាមាគ៌ាជីវិតសម្រាប់មនុស្សជាតិ។ គោលបំណងចុងក្រោយនៃព្រះពុទ្ធសាសនា គឺការស្វែងរកព្រះនិព្វាន ឬ «សន្តិ» ដែលប្រែថា «សេចក្តីស្ងប់» និងជាសភាពប្រាសចាកទុក្ខ។




















