[ខេត្តព្រៃវែង, ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦] – នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម សូ សុភ័ក្ត្រ ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារមនុស្សធម៌ សម្តេចតេជោ និងសម្តេចធិបតី បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ២២០គ្រួសារ ស្ថិតក្នុងបរិវេណសាលាស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម សូ សុភ័ក្ត្រ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា ជានិច្ចកាល សម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់បំផុតចំពោះសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ដោយអាជ្ញាធរមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។
ឯកឧត្ដមប្រធានក្រុមការងារ បានបន្តថា ការចុះជួបសំណេះសំណាល និងនាំយកអំណោយមកចែកជូនបងប្អូននាពេលនេះ គឺជាសកម្មភាពស្តែងចេញពីទឹកចិត្តជ្រះថ្លា និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ តាមរយៈក្រុមការងារមនុស្សធម៌ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ក្នុងរបាយការណ៍ស្វាគមន៍ លោក ហៃ សំណាង អភិបាលស្រុកស្វាយអន្ទរ បានលើកឡើងពីសមិទ្ធផលនានាក្នុងមូលដ្ឋានគិតត្រឹមឆ្នាំ២០២៦នេះ ដែលក្នុងនោះស្រុកស្វាយអន្ទរទទួលបានផ្ទះចំនួន ១០ខ្នង, បង្គន់អនាម័យ ២០កន្លែង, កន្លែងលាងដៃ ១កន្លែង និងសាលាមត្តេយ្យសិក្សា ១ខ្នង (៤បន្ទប់)។ រដ្ឋបាលស្រុកក៏បានចុះសួរសុខទុក្ខពលករចំណាកស្រុក គ្រួសារកងទ័ព និងជនភៀសសឹកបានចំនួន ១០លើក ស្មើនឹង ៩៥០គ្រួសារ។ បន្ថែមលើនេះ អង្គការមូលនិធិនៃក្តីសង្ឃឹម ក៏បានចូលរួមសាងសង់បង្គន់អនាម័យ ៦៥បង្គន់, អណ្តូងទឹក ៣១អណ្តូង, ផ្ទះ ៧៥ខ្នង, ប្រព័ន្ធចម្រោះទឹកស្អាត UV ២២កន្លែង និងផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រចំនួន ១៥៥នាក់ ព្រមទាំងជួយឧបត្ថម្ភគ្រួសារក្រីក្រសរុបចំនួន ៨៧០គ្រួសារផងដែរ។
ជាកិច្ចបញ្ចប់ ឯកឧត្តម សូ សុភ័ក្ត្រ បានប្រគល់អំណោយជូនប្រជាពលរដ្ឋទាំង ២២០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានសារុង ១ និងថវិកា ២ម៉ឺនរៀល។ ជាមួយគ្នានោះដែរ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ក៏បានផ្តល់ជូនថវិកាបន្ថែមក្នុងមួយគ្រួសារចំនួន ៥ម៉ឺនរៀល ដើម្បីជាការរួមចំណែកសម្រាលបន្ទុកជីវភាពជូនបងប្អូនប្រជាពលរដ្ឋ៕




















