**ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីថ្លែងការណ៍ជំទាស់យ៉ាងដាច់អហង្ការចំពោះការរំលោភបំពានរបស់ភាគីថៃ លើតំបន់ប្រាសាទបុរាណ និងបូរណភាពទឹកដីកម្ពុជា**

**(រាជធានីភ្នំពេញ)៖** ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដោយសម្តែងនូវការជំទាស់យ៉ាងខ្លាំងក្លាបំផុត ចំពោះការចូលកាន់កាប់ដោយខុសច្បាប់ និងការប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់ភាគីថៃ មកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា រួមមានប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ និងបណ្តាស្ថានីយពាក់ព័ន្ធដទៃទៀត ដែលស្ថិតក្នុងដែនអធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍នោះ ក្រសួងបានសម្តែងនូវកង្វល់យ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានបន្តបន្ទាប់របស់អាជ្ញាធរថៃ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមមានផ្លូវថ្នល់ និងការដំឡើងរូបសំណាកផ្សេងៗ ដែលជាការបង្កើតអង្គហេតុថ្មី (Fait Accompli) នៅលើដីជាក់ស្តែង។ សកម្មភាពទាំងនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងច្បាស់ក្រឡែតមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ ការរៀបចំឱ្យមានទស្សនកិច្ចជាសាធារណៈ និងសកម្មភាពនានានៅក្នុងតំបន់ទាំងនោះ គឺជាការអនុវត្តយុត្តាធិការ និងការគ្រប់គ្រងដោយខុសច្បាប់ទាំងស្រុងលើទឹកដីរបស់កម្ពុជា។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា សកម្មភាពទាំងនេះ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើ៖
– សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧។
– ផែនទីដែលជាលទ្ធផលនៃការបោះបង្គោលព្រំដែនរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម។
– រាល់ឯកសារពាក់ព័ន្ធនឹងការអនុវត្តសន្ធិសញ្ញាឆ្នាំ១៩០៧។
– អនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងសេចក្តីណែនាំប្រតិបត្តិ (TOR) ឆ្នាំ២០០៣។
– ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ។

អាស្រ័យហេតុនេះ ក្រសួងសូមអំពាវនាវយ៉ាងទទូចដល់រាជរដ្ឋាភិបាលថៃ ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពរំលោភបំពានទាំងនេះ ព្រមទាំងដកបុគ្គលិក និងសម្ភារបរិក្ខារទាំងអស់ចេញពីតំបន់នោះ និងត្រូវគោរពឱ្យបានពេញលេញនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

ជាចុងក្រោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយវិវាទតាមរយៈមធ្យោបាយសន្តិវិធី និងសុំឱ្យភាគីថៃអនុវត្តដោយស្មារតីទទួលខុសត្រូវ ក្នុងកិច្ចសហការតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ កិច្ចព្រមព្រៀងនានា និងច្បាប់អន្តរជាតិ រួមទាំងគណៈកម្មការចម្រុះកិច្ចការព្រំដែន (JBC) ដើម្បីបុព្វហេតុសន្តិភាព ភាពស្របច្បាប់ និងការការពារបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិទាំងមូល៕

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *