**(ខេត្តបន្ទាយមានជ័យ)៖** នាព្រឹកថ្ងៃអាទិត្យនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះជួបសំណេះសំណាលដោយផ្ទាល់ ព្រមទាំងពិសាអាហារពេលព្រឹកយ៉ាងស្និទ្ធស្នាលជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសចុះបំពេញបេសកកម្មនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានពិនិត្យយ៉ាងយកចិត្តទុកដាក់លើការរៀបចំជីវភាពរស់នៅ និងការប្រកបអាជីវកម្មតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីសុខទុក្ខ និងតម្រូវការចាំបាច់នានា។ ឯកឧត្តមមានប្រសាសន៍សង្កត់ធ្ងន់ថា ទោះបីជាថ្ងៃនេះជាថ្ងៃឈប់សម្រាកយ៉ាងណាក្តី ប៉ុន្តែរាល់កិច្ចការងារ និងបញ្ហាប្រឈមដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ គឺជាអាទិភាពខ្ពស់បំផុតដែលមិនអាចបង្អង់ ឬរង់ចាំបានឡើយ។
ផ្អែកតាមការពិនិត្យស្ថានភាពជាក់ស្តែង ចំពោះបញ្ហាប្រឈមដែលបានរកឃើញ ដូចជាស្ថានភាពលំនៅឋានរបស់ប្រជាពលរដ្ឋមួយចំនួនតូចដែលមានការខ្វះខាត ឬមានបញ្ហានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្គាប់ឱ្យក្រុមការងារបច្ចេកទេសចុះពិនិត្យ និងចាត់វិធានការកែលម្អជូនពួកគាត់ឱ្យបានល្អប្រសើរឡើងវិញជាបន្ទាន់ ដើម្បីធានាបាននូវការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងសុវត្ថិភាព។
ជាមួយគ្នានេះដែរ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះរាល់បញ្ហាប្រឈមទាំងឡាយ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានចាត់តាំងឱ្យមានក្រុមការងារប្រចាំការ ដើម្បីតាមដាន និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានអំពាវនាវ និងស្នើដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ សូមផ្តល់ព័ត៌មាន ឬរាយការណ៍អំពីបញ្ហានានាដែលកើតមានឡើង ទៅកាន់អាជ្ញាធរដែនដី ឬស្នាក់ការក្រុមការងារដែលប្រចាំការនៅទីនោះផ្ទាល់ ដើម្បីឱ្យក្រុមការងារអាចចុះអន្តរាគមន៍ ពិនិត្យ និងដោះស្រាយជូនបានទាន់ចិត្ត និងមានប្រសិទ្ធភាពខ្ពស់។
សកម្មភាពមនុស្សធម៌ និងការចុះជាប់មូលដ្ឋាននេះ បានឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំ ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលធ្លាប់បានឆ្លងកាត់ការលំបាកក្នុងសម័យសង្គ្រាម ឱ្យទទួលបាននូវការគាំពារ និងការលើកកម្ពស់កម្រិតជីវភាពរស់នៅ ប្រកបដោយបរិយាបន្ន និងសន្តិភាព៕




















