ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអូស្ត្រាលី ក្នុងស្មារតីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី

(រដ្ឋធានីកង់បេរ៉ា, អូស្ត្រាលី)៖ ក្នុងគោលដៅពង្រឹង និងពង្រីកចំណងមិត្តភាពទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Milton Dick ប្រធានរដ្ឋសភាអូស្ត្រាលី នៅវិមានរដ្ឋសភា ក្នុងរដ្ឋធានីកង់បេរ៉ា។ ជំនួបនេះបានឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយខ្ពស់ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសទាំងពីរ ឱ្យឈានដល់កម្រិតថ្មីមួយទៀត។

នៅក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានពាំនាំនូវមនោសញ្ចេតនានឹករលឹក និងការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម Milton Dick ដែលបានចំណាយពេលដ៏មានតម្លៃអនុញ្ញាតឱ្យមានជំនួបនេះឡើង ទោះបីជាស្ថិតក្នុងសប្តាហ៍សម្រាកពីសម័យប្រជុំរដ្ឋសភា (Non-sitting week) ក៏ដោយ។ កាយវិការប្រកបដោយមេត្រីភាពនេះ ត្រូវបានភាគីកម្ពុជាវាយតម្លៃខ្ពស់ថាជាសក្ខីភាពនៃការផ្តល់អាទិភាព និងសារៈសំខាន់ដែលអូស្ត្រាលីផ្តល់ជូនកម្ពុជា ក្នុងនាមជាដៃគូដ៏យូរអង្វែងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ជាចំណុចគន្លឹះនៃកិច្ចពិភាក្សា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតម្លៃមិនអាចខ្វះបាននៃ «ការទូតសភា» ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា យន្តការការទូតសភា គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការបំពេញបន្ថែមឱ្យការទូតរដ្ឋ ដើម្បីបង្កើនការយល់ដឹងរវាងប្រជាជាតិ និងប្រជាជាតិ ព្រមទាំងជួយជំរុញឱ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-អូស្ត្រាលី កាន់តែមានភាពរឹងមាំ ឈរលើមូលដ្ឋាននៃទំនុកចិត្ត និងផលប្រយោជន៍រួម។

ក្រៅពីកិច្ចសហប្រតិបត្តិការសភា ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាដោយភាពស្និទ្ធស្នាលលើបញ្ហាតំបន់ និងអន្តរជាតិ។ ក្នុងនោះ ភាគីទាំងពីរបានពិភាក្សាលើវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ដែលកំពុងបង្ហាញសញ្ញាវិជ្ជមានតាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាលនៃប្រទេសជិតខាងទាំងពីរ។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានរដ្ឋសភា ក៏បានពិភាក្សាលើបញ្ហាបញ្ឈមសកល និងតំបន់មួយចំនួនដែលជាកង្វល់រួម ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី និងស្ថិរភាព។

ជំនួបពិភាក្សាដែលប្រព្រឹត្តទៅក្នុងបរិយាកាសយោគយល់ និងផ្លែផ្កានេះ ត្រូវបានបញ្ចប់ដោយ ឯកឧត្តម Milton Dick បានអញ្ជើញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទស្សនាបរិវេណដ៏ស្កឹមស្កៃនៃរដ្ឋសភាអូស្ត្រាលី ដែលជានិមិត្តរូបនៃលទ្ធិប្រជាធិបតេយ្យ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *