**ក្រសួងព័ត៌មានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់យន្តការច្បាប់អន្តរជាតិដើម្បីដោះស្រាយបញ្ហាតំបន់សមុទ្រត្រួតគ្នាជាមួយភាគីថៃ**

**(រាជធានីភ្នំពេញ)៖** ថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦។ ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ ដោយសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង និងឥតងាករេចំពោះសេចក្តីសម្រេចចិត្តដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដើមយន្តការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation Mechanism) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នា (Overlapping Claims Area – OCA) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៍។

នៅក្នុងខ្លឹមសារនៃសេចក្តីថ្លែងការណ៍នោះ ក្រសួងព័ត៌មានបានគូសបញ្ជាក់យ៉ាងច្បាស់ថា យោងតាមស្មារតីនៃមាត្រា២ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបំពានបានជាដាច់ខាតនៅក្នុងព្រំដែនរបស់ខ្លួន ដូចដែលបានកំណត់នៅលើផែនទីដែលទទួលស្គាល់ជាអន្តរជាតិ។ ការជ្រើសរើសប្រើប្រាស់យន្តការផ្លូវច្បាប់ជាអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រនាពេលនេះ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍នីតិរដ្ឋ សន្តិភាព ការសន្ទនា និងការរក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ស្របតាមច្បាប់ជាតិ និងអន្តរជាតិជាធរមាន។

ទន្ទឹមនឹងនេះ ក្រសួងព័ត៌មានបានបញ្ជាក់ជាថ្មីនូវទំនុកចិត្តយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ដើម្បីឧត្តមប្រយោជន៍នៃប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល។ ក្រសួងបានសង្កត់ធ្ងន់ថា រាល់ដំណោះស្រាយដែលឈរលើមូលដ្ឋានច្បាប់ និងស្មារតីស្ថាបនា គឺជាមាគ៌ាដ៏ត្រឹមត្រូវបំផុតក្នុងការធានានូវស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងឱកាសនេះផងដែរ ក្រសួងព័ត៌មានក៏បានចេញសេចក្តីអំពាវនាវដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ រួមមានអ្នកសារព័ត៌មាន ស្ថាប័នផ្សព្វផ្សាយឌីជីថល អ្នកបង្កើតខ្លឹមសារ (Content Creators) និងសាធារណជនទូទៅ សូមចូលរួមចំណែកផ្សព្វផ្សាយព័ត៌មានដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ ការផ្សព្វផ្សាយត្រូវប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ មានតុល្យភាព និងក្នុងន័យស្ថាបនា ដើម្បីជៀសវាងការបកស្រាយខុសដែលនាំឱ្យមានភាពច្របូកច្របល់ក្នុងសង្គម។

ជាចុងក្រោយ ក្រសួងព័ត៌មាននៅតែបន្តប្តេជ្ញាគាំទ្រយ៉ាងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពាររដ្ឋធម្មនុញ្ញ និងការបន្តឈានទៅសម្រេចបាននូវដំណោះស្រាយបញ្ហាព្រំដែនប្រកបដោយសន្តិវិធី ដោយឈរលើគោលការណ៍សន្តិភាពនិយម និងការគោរពច្បាប់ជាអន្តរជាតិ ដើម្បីការពារមាតុភូមិជាទីស្នេហានៃយើងទាំងអស់គ្នា៕

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *