កាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Jude Aguilar ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន (PCCI) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន។
តាមប្រភពព័ត៌មានពីជំនួបពិភាក្សានេះ លោកប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយសភាពាណិជ្ជកម្មកម្ពុជា (CCC) នាពេលកន្លងមក។ លោកបានគូសបញ្ជាក់អំពីកំណើនទ្វេដងនៃទំហំពាណិជ្ជកម្មរវាងហ្វីលីពីន និងកម្ពុជា ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៦ ដែលនេះជាសញ្ញាណវិជ្ជមានក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងអាជីវកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែសកម្មបន្ថែមទៀត។
ក្នុងជំនួបដដែលនោះ លោក Jude Aguilar ក៏បានជម្រាបជូនសម្តេចធិបតីអំពីផែនការរៀបចំដំណើរទស្សនកិច្ចធុរកិច្ចមកកាន់កម្ពុជានៅក្នុងឆ្នាំ២០២៦ នេះ ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗ។ ត្រូវបានរាយការណ៍ថា ក្រុមហ៊ុនហ្វីលីពីនជាច្រើនកំពុងបង្ហាញការចាប់អារម្មណ៍ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការវិនិយោគលើវិស័យសក្តានុពលមួយចំនួន រួមមាន៖ វិស័យវេចខ្ចប់ និងការកែច្នៃចំណីអាហារ, វិស័យកសិ-ទេសចរណ៍ និងវិស័យអាកាសចរណ៍ ជាពិសេសការអភិវឌ្ឍតំបន់រមណីយដ្ឋាននៅតាមបណ្តាខេត្តជាប់ឆ្នេរសមុទ្រ។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យបន្តស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ដើម្បីពង្រឹងការតភ្ជាប់រវាងវិស័យឯកជន។ ពាក់ព័ន្ធនឹងវិស័យកសិ-ទេសចរណ៍ សម្ដេចធិបតីបានគូសបញ្ជាក់អំពីលទ្ធភាពនៃការតភ្ជាប់ទីផ្សារទេសចរណ៍រវាងកោះសេប៊ូ ជាមួយខេត្តសៀមរាប និងខេត្តព្រះសីហនុ។ ជាមួយគ្នានេះ សម្ដេចធិបតីបានលើកទឹកចិត្តឱ្យមានការពិភាក្សាលើការរៀបចំជើងហោះហើរត្រង់រវាងកោះសេប៊ូ និងខេត្តសៀមរាប ដើម្បីបង្កើនភាពងាយស្រួលដល់អ្នកវិនិយោគ និងភ្ញៀវទេសចរ។
ទន្ទឹមនឹងនេះ សម្ដេចធិបតីបានបញ្ជាក់ជាថ្មីនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អ និងថែរក្សាបរិស្ថានវិនិយោគឱ្យកាន់តែមានភាពធន់ ទាក់ទាញ និងមានសុវត្ថិភាពសម្រាប់វិនិយោគិនបរទេស។ សម្ដេចក៏បានលើកទឹកចិត្តឱ្យសភាពាណិជ្ជកម្មទាំងពីរបន្តជំរុញសកម្មភាពធុរកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែមានថាមវ័ន្ត ដើម្បីផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ៕




















