[ភ្នំពេញ] — អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសអះអាងពីស្ថានភាពសុវត្ថិភាពរបស់និស្សិតកម្ពុជាដែលកំពុងសិក្សានៅក្រៅប្រទេស ជាពិសេសនៅតំបន់មជ្ឈិមបូព៌ា និងអ្នកដែលកំពុងជួបបញ្ហារអាក់រអួលក្នុងការធ្វើដំណើរ។
លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ និស្សិតកម្ពុជាជាង ២០០នាក់ ដែលកំពុងចុះកម្មសិក្សានិងបន្តការសិក្សានៅប្រទេសអ៊ីស្រាអ៊ែល គឺកំពុងស្ថិតក្នុងស្ថានភាពមានសុវត្ថិភាពជាធម្មតា។ និស្សិតទាំងនោះមកពីគ្រឹះស្ថានឧត្តមសិក្សាសំខាន់ៗរួមមាន៖
-
សាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង)
-
វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប
-
សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងសាកលវិទ្យាល័យសេដ្ឋកិច្ច។
ដោយឡែក ចំពោះករណីនិស្សិត ៤នាក់ ដែលត្រូវធ្វើដំណើរទៅចុះកម្មសិក្សារយៈពេល ៤ខែ នៅប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី២៧ ខែកុម្ភៈ កន្លងទៅ បានជួបបញ្ហាជាប់គាំងនៅព្រលានយន្តហោះក្នុងទីក្រុងឌូបៃ (អារ៉ាប់រួម) ដោយសារជើងហោះហើរបន្តត្រូវបានលុបចោល។
ជាមួយគ្នានេះ ក្រុមការងារសហព័ន្ធប្រដាល់គុនខ្មែរចំនួន ១៨រូប ដែលកំពុងធ្វើដំណើរត្រឡប់មកកម្ពុជាវិញ ក៏បានជួបប្រទះបញ្ហាជាប់គាំងនៅទីក្រុងឌូបៃដូចគ្នាផងដែរ។ ទោះជាយ៉ាងណា ភាគីពាក់ព័ន្ធបានបញ្ជាក់ថា ពួកគេទាំងអស់មានសុវត្ថិភាពល្អ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកជំទាវអ្នកនាំពាក្យបានសង្កត់ធ្ងន់ថា៖
“ក្រសួងអប់រំ កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីតាមដានស្ថានភាពសុខទុក្ខរបស់និស្សិតកម្ពុជាទាំងនៅអ៊ីស្រាអ៊ែល និងក្នុងបណ្តាប្រទេសចំនួន ១៨ទៀត ក្នុងតំបន់មជ្ឈិមបូព៌ា ដែលអាចរងផលប៉ះពាល់ពីជម្លោះក្នុងតំបន់។”
ក្រសួងនឹងបន្តផ្តល់ព័ត៌មានបច្ចុប្បន្នភាពជាបន្តបន្ទាប់ ដើម្បីធានាឱ្យបាននូវសន្តិសុខ និងសុខុមាលភាពជូនដល់និស្សិត និងអាណាព្យាបាលនៅកម្ពុជា។




















