ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់គោរពវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ដោយជៀសវាងការផ្សព្វផ្សាយព័ត៌មានដែលខ្វះមូលដ្ឋានគ្រឹះច្បាស់លាស់ ឬការចុះផ្សាយដោយមន្ទិលសង្ស័យពាក់ព័ន្ធនឹងការសាងសង់នានារបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា មុននឹងសម្រេចចិត្តចុះផ្សាយ ភ្នាក់ងារព័ត៌មានគួរចុះស្រាវជ្រាវ និងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរក្នុងអាជីព និងដើម្បីការពារសិទ្ធិ ក៏ដូចជាកិត្តិយសរបស់ម្ចាស់សំណង់ផងដែរ។
ការលើកឡើងនេះត្រូវបានធ្វើឡើងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី) ជូនដល់ប្រជាពលរដ្ឋមកពីចំនួន ៥២ភូមិ ក្នុងឃុំចំនួន៨ នៃស្រុកពញាឮ រួមមាន៖ ឃុំភ្នំបាត ឃុំជ្រៃលាស់ ឃុំឃ្លាំង ឃុំវិហារលួង ឃុំផ្សារដែក ឃុំកំពង់លួង ឃុំកោះចិន និងឃុំទំនប់ធំ ដែលមានចំនួនបណ្ណសរុប ៣៧,៥០៩ បណ្ណ។
កម្មវិធីនេះត្រូវបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងបរិវេណសាលាស្រុកពញាឮ ក្រោមអធិបតីភាព ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល។
យោងតាមប្រសាសន៍របស់អភិបាលខេត្ត ការផ្សព្វផ្សាយព័ត៌មានដែលត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ មិនត្រឹមតែជួយដល់សង្គមជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជម្រុញដល់ការអភិវឌ្ឍមូលដ្ឋានឱ្យមានតម្លាភាព និងសណ្តាប់ធ្នាប់ល្អប្រសើរផងដែរ៕




















