**ខេត្តក្រចេះ៖** អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តក្រចេះ បានដឹកនាំប្រតិបត្តិការចុះបង្ក្រាបទ្រង់ទ្រាយធំមួយ ទៅលើទីតាំងលួចផលិតឡធ្យូងខុសច្បាប់ចំនួន ៣ ស្ថិតក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃសំបូរ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រឃុំអូរគ្រៀង ស្រុកអូរគ្រៀង។ ឡធ្យូងទាំង ៣ ត្រូវបានមន្ត្រីឧទ្យានុរក្សធ្វើការរុះរើ និងកម្ទេចចោលភ្លាមៗ ដើម្បីលុបបំបាត់បទល្មើស។
សកម្មភាពបង្កើតឡកែច្នៃផលអនុផលធនធានធម្មជាតិនេះ ត្រូវបានចាត់ទុកជាបទល្មើសព្រហ្មទណ្ឌ និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើមាត្រា ៤២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ ទោះបីជាជនសង្ស័យបានរត់គេចខ្លួនមុនការចុះដល់របស់សមត្ថកិច្ចក៏ដោយ អាជ្ញាធរខេត្តបានសង្កត់ធ្ងន់ថា នីតិវិធីស៊ើបអង្កេតនឹងបន្តធ្វើឡើង ដើម្បីនាំខ្លួនជនល្មើសមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។
ការបង្ក្រាបនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងបរិស្ថានក្នុងការអនុវត្តច្បាប់តំបន់ការពារធម្មជាតិយ៉ាងម៉ឺងម៉ាត់ ដើម្បីរក្សាការពារបូរណភាពព្រៃឈើ និងជីវៈចម្រុះក្នុងតំបន់អភិរក្ស។



















