ផ្ទុះការរិះគន់ករណីចោទប្រកាន់ថាមានការកាត់ឆ្វៀលដីសាលាបឋមសិក្សាកំពង់ចម្លងជាកម្មសិទ្ធិឯកជន ខណៈអភិបាលស្រុកខ្សាច់កណ្ដាលកំពុងចាត់វិធានការស្រាវជ្រាវ

[ខេត្តកណ្តាល, ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤] – យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឱ្យដឹងថា ដីសាលាបឋមសិក្សាកំពង់ចម្លង ដែលស្ថិតនៅក្នុងភូមិកំពង់ចម្លង ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ត្រូវបានគេរាយការណ៍ថាមានការកាត់ឆ្វៀលមួយផ្នែកនៅខាងក្រោយ ក្លាយទៅជាកម្មសិទ្ធិឯកជន ដែលករណីនេះបានបង្កឱ្យមានការងឿងឆ្ងល់ និងរិះគន់ជាខ្លាំងចំពោះនីតិវិធីនៃការគ្រប់គ្រងដីធ្លីរបស់រដ្ឋ។

ជាគោលការណ៍ច្បាប់ ដីសាលារៀនគឺជាសម្បត្តិសាធារណៈរបស់រដ្ឋ ដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់មន្ទីរអប់រំ យុវជន និងកីឡា។ ទោះជាយ៉ាងណា យោងតាមការអះអាងពីប្រភពព័ត៌មានបឋមបានឱ្យដឹងថា បច្ចុប្បន្នផ្ទៃដីមួយចំណែកធំនៅផ្នែកខាងក្រោយនៃសាលារៀននេះ ត្រូវបានគេចោទប្រកាន់ថាបានធ្លាក់ទៅក្នុងដៃបុគ្គលឯកជនរួចទៅហើយ ដែលករណីនេះកំពុងត្រូវបានគេតាមដានយ៉ាងយកចិត្តទុកដាក់លើភាពស្របច្បាប់នៃឯកសារកាន់កាប់។

ពាក់ព័ន្ធនឹងករណីខាងលើនេះ ភ្នាក់ងារព័ត៌មានយើងបានព្យាយាមទំនាក់ទំនងទៅលោក ឡេង ទី មេភូមិកំពង់ចម្លង ដើម្បីសុំការបំភ្លឺបន្ថែម ប៉ុន្តែលោកមិនលើកទូរសព្ទ។ ដោយឡែក លោក ចែ ងួន ជំទប់ទី១ នៃឃុំកំពង់ចម្លង បានឆ្លើយតបយ៉ាងខ្លីតាមទូរសព្ទថា លោកមិនទាន់បានជ្រាបអំពីព័ត៌មាននៃការកាត់ឆ្វៀលដីសាលានេះឡើយ។

យ៉ាងណាមិញ លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល បានមានប្រសាសន៍បញ្ជាក់ប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា លោកបានទទួលជ្រាបអំពីព័ត៌មាននេះហើយ និងកំពុងចាត់វិធានការស្រាវជ្រាវឱ្យបានច្បាស់លាស់ជុំវិញករណីនេះ ដើម្បីស្វែងរកការពិត និងធានាការពារទ្រព្យសម្បត្តិសាធារណៈឱ្យបានត្រឹមត្រូវស្របតាមច្បាប់ភូមិបាល។

មហាជនរង់ចាំមើលថា តើលទ្ធផលនៃការស្រាវជ្រាវរបស់អាជ្ញាធរស្រុកខ្សាច់កណ្តាលនឹងបង្ហាញលទ្ធផលយ៉ាងណា ខណៈដែលដីសាលារៀនគឺជាទ្រព្យសម្បត្តិរួមសម្រាប់បម្រើដល់ការសិក្សារបស់កូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *