(ខេត្តកណ្តាល)៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងចំណោមពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ ក្រោយពីបានឃើញវត្តមានវង់ល្បែងស៊ីសងខុសច្បាប់ប្រមាណ ៦វង់ កំពុងដំណើរការយ៉ាងរលូន និងសប្បាយរីករាយ នៅក្នុងបរិវេណកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី នាវត្តព្រែកឫស្សី កាលពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ។
តាមសេចក្តីរាយការណ៍ពីទីតាំងផ្ទាល់ វត្តព្រែកឫស្សី ដែលស្ថិតក្នុងភូមិព្រែកឫស្សី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល បានរៀបចំកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គីក្នុងគោលបំណងប្រមូលបច្ច័យ ដើម្បីយកមកចាក់ដី កសាងរបង និងខ្លោងទ្វារវត្តឱ្យមានសោភ័ណភាពស្រស់បំព្រង។ ទោះជាយ៉ាងណា គោលបំណងដ៏ល្អប្រពៃនៃវិស័យព្រះពុទ្ធសាសនានេះ ហាក់បីដូចជាត្រូវបានបិទបាំងដោយសកម្មភាពល្បែងស៊ីសងដែលកំពុងលេងយ៉ាងចំហ ផ្ទុយពីគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។
ប្រភពពីប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីបុណ្យបានលើកឡើងជាសំណួរថា តើនរណាជាអ្នកអនុញ្ញាតឱ្យមានល្បែងស៊ីសងទាំងនេះចូលមកជ្រកក្រោមស្លាកកម្មវិធីបុណ្យនៅក្នុងវត្តអារាម ដែលជាទីសក្ការបូជាទៅវិញ? ការណ៍ដែលបណ្តោយឱ្យមានវង់ល្បែងស៊ីសងរហូតដល់ទៅ ៦វង់ បើកលេងដោយគ្មានការរំខានបែបនេះ បានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត ចំពោះការគ្រប់គ្រង និងការរក្សាសន្តិសុខសណ្តាប់ធ្នាប់។
សាធារណជនកំពុងរង់ចាំមើលការបកស្រាយពីសំណាក់អាជ្ញាធរស្រុកល្វាឯម ក៏ដូចជាលោកមេឃុំព្រែកឫស្សី ជុំវិញករណីនេះ។ តើនេះជាការខ្វះចន្លោះក្នុងការត្រួតពិនិត្យ ឬក៏មានការព្រមព្រៀងណាមួយនៅពីក្រោយខ្នង ដើម្បីជាថ្នូរនឹងការបើកល្បែងក្នុងបរិវេណវត្តអារាមបែបនេះ?
អង្គភាពសារព័ត៌មាន KPDNEWS នឹងបន្តតាមដានព័ត៌មាននេះ ដើម្បីជម្រាបជូនមហាជនជាបន្តទៀត ប្រសិនបើមានការបំភ្លឺពីភាគីពាក់ព័ន្ធណាមួយ។
រាយការណ៍ដោយ៖ ក្រុមការងារ KPDNEWS




















