សេចក្តីណែនាំបន្ទាន់របស់ ក.ប.ប.៖ ឲ្យពាណិជ្ជករ និងអ្នកប្រើប្រាស់បញ្ឈប់ការលក់ និងប្រើប្រាស់ទឹកដោះគោម្សៅ Babybio Optima 1 ចំនួន ៣ ប្រភេទ ព្រោះមានហានិភ័យសារធាតុពុល Cereulide

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីណែនាំបន្ទាន់មួយ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ទៅកាន់ពាណិជ្ជករ អាជីវករ និងមាតាបិតាអ្នកប្រើប្រាស់ ដើម្បីធានាសុវត្ថិភាពសុខភាពរបស់ទារក និងកុមារ។ ការណែនាំនេះធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនចែកចាយផ្តាច់មុខ បានជូនដំណឹងអំពីលទ្ធភាពនៃវត្តមានសារធាតុពុល Cereulide (Toxin) នៅក្នុងផលិតផលទឹកដោះគោម្សៅម៉ាក Babybio Optima 1 មួយចំនួន ដែលកំពុងចរាចរលើទីផ្សារ។

ផលិតផលដែលមានហានិភ័យត្រូវបានកំណត់ចំនួន ៣ ប្រភេទ រួមមាន៖ ទឹកដោះគោម្សៅ Babybio Optima 1 ចំណុះ 800g (លេខឡូតិ៍ Lot 894408 និង Lot 900035) និងទឹកដោះគោម្សៅ Babybio Optima 1 ចំណុះ 400g (លេខឡូតិ៍ Lot 900932)។ ក្នុងន័យនេះ អគ្គនាយកដ្ឋាន ក.ប.ប. បានតម្រូវឱ្យពាណិជ្ជករ និងអាជីវករទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់នូវការលក់ និងការចែកចាយ ព្រមទាំងរក្សាទុកផលិតផលទាំងនេះជាបណ្តោះអាសន្ន។ ពួកគេត្រូវតែសហការជាមួយ ក.ប.ប. ដើម្បីអនុវត្តនីតិវិធីនៃការដកហូតត្រឡប់មកវិញនូវផលិតផលដែលមានហានិភ័យទាំងបីប្រភេទនេះ។

ចំពោះមាតាបិតា និងអ្នកប្រើប្រាស់ទាំងអស់ ត្រូវបានណែនាំឱ្យជៀសវាងការទិញ ឬត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់នូវផលិតផលដែលមានបញ្ហាខាងលើ ដើម្បីការពារសុវត្ថិភាពកូនតូច។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាទំនាក់ទំនងមកអគ្គនាយកដ្ឋាន ក.ប.ប. តាមរយៈលេខទូរស័ព្ទ ១២៦៦ (Commercial Call Center) ដើម្បីទទួលបានព័ត៌មានបន្ថែម ឬដើម្បីសម្របសម្រួលក្នុងការប្តូរយកផលិតផលថ្មីពីក្រុមហ៊ុនចែកចាយ។

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *