អភិបាលស្រុកពារាំង សម្រេចបញ្ឈប់បុគ្គលិកបច្ចេកទេសអគ្គិសនីម្នាក់ ក្រោយប្រជាពលរដ្ឋប្រតិកម្មខ្លាំងលើសីលធម៌នៃការផ្ដល់សេវា

ចេញផ្សាយ៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ | ម៉ោង ១០:២៥ ព្រឹក –

(ខេត្តព្រៃវែង)៖ កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ យោងតាមរបាយការណ៍ផ្ញើជូនលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រៃវែង បានឱ្យដឹងថា រដ្ឋបាលស្រុកពារាំង បានបើកកិច្ចប្រជុំដោះស្រាយវិវាទរវាងប្រជាពលរដ្ឋ និងភ្នាក់ងារផ្គត់ផ្គង់អគ្គិសនីឯកជន ស្ថិតក្នុងសាលប្រជុំសាលាស្រុកពារាំង ក្រោមអធិបតីភាពលោក ចេម ប្រា អភិបាលនៃគណៈអភិបាលស្រុកពារាំង។

យោងតាមប្រភពពីកន្លែងកើតហេតុ កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីសហការីពាក់ព័ន្ធ និងប្រជាពលរដ្ឋចំនួន ១៣០នាក់ (ស្រី ៦០នាក់) ដែលមកពីឃុំព្រៃព្នៅ ដើម្បីតវ៉ាលើការផ្ដល់សេវាអគ្គិសនីរបស់ក្រុមហ៊ុន BTF Transmission Co.Ltd។ កង្វល់ចម្បងដែលនាំឱ្យមានការជួបជុំនេះ គឺពាក់ព័ន្ធនឹងបុគ្គលម្នាក់ឈ្មោះ សែម ស្រេង ភេទប្រុស អាយុ ៣០ឆ្នាំ ដែលត្រូវបានគេស្គាល់ថាជាប្រធានបច្ចេកទេសនៃសេវាករផ្គត់ផ្គង់អគ្គិសនី (ប៉ែន ផល្លា)។

ប្រជាពលរដ្ឋបានលើកឡើងថា លោក សែម ស្រេង ត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្ដីមិនសមរម្យ ខ្វះសីលធម៌វិជ្ជាជីវៈក្នុងការបម្រើសេវាជូនសាធារណជន ដែលជាហេតុធ្វើឱ្យមានការមិនពេញចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅក្នុងឃុំព្រៃព្នៅទាំងមូល។ ក្នុងវេទិកានោះ ប្រជាពលរដ្ឋបានដាក់សំណូមពរដាច់ខាតសុំឱ្យក្រុមហ៊ុនបញ្ឈប់ការងារបុគ្គលរូបនេះចេញពីក្នុងមូលដ្ឋានរបស់ខ្លួន។

ជាការឆ្លើយតប និងដើម្បីរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាធានានូវប្រសិទ្ធភាពនៃសេវាសាធារណៈស្របតាមគោលការណ៍រដ្ឋបាលថ្នាក់ក្រោមជាតិ លោក ចេម ប្រា អភិបាលស្រុកពារាំង បានសម្រេចសម្របសម្រួលឱ្យលោក សែម ស្រេង ឈប់ពីការងារចាប់ពីថ្ងៃនេះតទៅ។ ការសម្រេចនេះត្រូវបានធ្វើឡើងដោយផ្អែកលើស្មារតីយោគយល់ និងឆ្លើយតបតាមតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ដែលមិនអាចទទួលយកបាននូវបុគ្គលិកដែលខ្វះសីលធម៌ក្នុងការផ្ដល់សេវា។

គួរបញ្ជាក់ថា កិច្ចប្រជុំដោះស្រាយវិវាទនេះបានបញ្ចប់ទៅនៅវេលាម៉ោង ៤:០០នាទីរសៀល ថ្ងៃដដែល ក្រោមបរិយាកាសយោគយល់គ្នា និងមានការឯកភាពខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាការផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នឹងប្រព្រឹត្តទៅដោយរលូន និងប្រកបដោយសេចក្ដីថ្លៃថ្នូរ៕

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *