ក្រសួងការងារ៖ ហាមឃាត់ដាច់ខាតការបញ្ជូនពលករទៅធ្វើការផ្នែកនេសាទ និងរុករករ៉ែនៅក្រៅប្រទេស ដើម្បីបង្ការហានិភ័យ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងជាផ្លូវការ ហាមឃាត់រាល់ការផ្សព្វផ្សាយ ការជ្រើសរើស និងការបញ្ជូនពលករខ្មែរទៅធ្វើការនៅក្រៅប្រទេស ក្នុងវិស័យនេសាទ និងការដ្ឋានរុករករ៉ែ។ វិធានការនេះត្រូវបានដាក់ចេញក្នុងគោលបំណងបង្ការ ទប់ស្កាត់ និងធានានូវសុវត្ថិភាព សិទ្ធិ ក៏ដូចជាផលប្រយោជន៍ស្របច្បាប់របស់បងប្អូនប្រជាពលរដ្ឋខ្មែរ។

យោងតាមការបញ្ជាក់ពីក្រសួង បានឱ្យដឹងថា កន្លងមកមានពលករមួយចំនួនបានចេញទៅធ្វើការក្នុងវិស័យទាំងពីរនេះ ដែលជាប្រភេទការងារប្រឈមនឹងហានិភ័យខ្ពស់បំផុត ពាក់ព័ន្ធនឹងសុវត្ថិភាព សុខភាព និងលក្ខខណ្ឌការងារមិនច្បាស់លាស់។ លើសពីនេះ ក្រសួងក៏បានសង្កេតឃើញនូវករណីរំលោភសិទ្ធិ និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារពលករ។

ជាមួយគ្នានេះ ក្រសួងសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ កុំឱ្យចាញ់បោកការអូសទាញ ឬព្យាយាមចេញទៅធ្វើការក្នុងវិស័យទាំងនេះតាមមធ្យោបាយណាក៏ដោយ ដើម្បីចៀសវាងការធ្វើទេសន្តរប្រវេសន៍ដោយប្រថុយប្រថាន។ សម្រាប់ព័ត៌មានបន្ថែម ឬករណីត្រូវការរាយការណ៍ជាបន្ទាន់ បងប្អូនអាចទំនាក់ទំនងតាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧ ឬតាមរយៈក្រុមតេឡេក្រាម “សម្រាប់ពលករទេសន្តរប្រវេសន៍” ដែលផ្តល់ជូន ២៤ម៉ោងលើ២៤ម៉ោង។

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *