អាជីវករនៅស្រុកមុខកំពូល អំពាវនាវដល់ថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាល ក្រោយមានសេចក្ដីរាយការណ៍ពីការប្រមូលថវិកាប្រចាំខែលើការលក់ដូរតាមដងផ្លូវជាតិលេខ៦

[ខេត្តកណ្តាល, ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤] – យោងតាមសេចក្ដីរាយការណ៍ និងការលើកឡើងពីសំណាក់ប្រជាពលរដ្ឋជាអាជីវករលក់ដូរតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បានបង្ហាញនូវកង្វល់ និងការមិនពេញចិត្ត ចំពោះករណីដែលមានបុគ្គលអះអាងថាជាតំណាងអាជ្ញាធរ ចុះប្រមូលថវិកាប្រចាំខែ (លុយដាក់ខែ) ពីអ្នកលក់ដូរតាមរ៉ឺម៉ក និងតូបក្រាលកន្ទេលក្នុងតម្លៃចន្លោះពី ៥ម៉ឺន ដល់ ១០ម៉ឺនរៀល។

តាមការបញ្ជាក់ពីបុគ្គលម្នាក់ឈ្មោះ សុខ សុផល ដែលជាអ្នកចុះប្រមូលថវិកាផ្ទាល់ បានអះអាងប្រាប់ប្រភពព័ត៌មានក្នុងស្រុកថា ខ្លួនពិតជាបានអនុវត្តការប្រមូលប្រាក់ពីអ្នកលក់ទំនិញ បន្លែ ផ្លែឈើ នៅចំណុចមុខរោងចក្រ “ស៊ីហាវ ហ៊ែនប៊ែក ឯ.ក” (អតីតរោងចក្រក្ដារបន្ទះ) ប្រាកដមែន។ លោកបានបន្តថា សកម្មភាពនេះបានដំណើរការអស់រយៈពេលប្រមាណ ៤ខែមកហើយ ដោយលោកបានបញ្ជាក់ក្នុងន័យការពារខ្លួនថា ថវិកាដែលប្រមូលបានគឺយកមកផ្គត់ផ្គង់ដល់រដ្ឋបាលស្រុកមុខកំពូល និងធ្វើឡើងតាមការណែនាំពីថ្នាក់លើ ទោះបីជាមិនមានឯកសារផ្លូវការបង្ហាញជាសាធារណៈក៏ដោយ។

ជុំវិញករណីនេះ លោក ហុង គីរី អភិបាលរងស្រុកមុខកំពូល បានទទួលស្គាល់ថា ពិតជាមានការរៀបចំសណ្ដាប់ធ្នាប់ និងការប្រមូលថវិកាខ្លះៗមែន ប៉ុន្តែលោកបានបកស្រាយថា ថវិកានោះគឺប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ដល់កម្លាំងប្រជាការពារដែលចុះជួយសម្រួលចរាចរណ៍ និងសណ្ដាប់ធ្នាប់នៅតំបន់នោះ ដើម្បីចៀសវាងការលក់ដូរអនាធិបតេយ្យដែលនាំឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់កម្មករ និងសាធារណជន។

ផ្ទុយទៅវិញ លោក យី យ៉េន អភិបាលស្រុកមុខកំពូល បានមានប្រសាសន៍ឆ្លើយតបយ៉ាងខ្លីថា លោកមិនបានជ្រាបអំពីករណីនៃការយកលុយប្រចាំខែពីអាជីវករលក់ដូរលើចិញ្ចើមផ្លូវទាំងនោះឡើយ។ ចំណែកឯលោក ឌឹម បូរ៉ា អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកណ្ដាល ក៏បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋបាលខេត្តពុំមានគោលការណ៍ណាមួយឱ្យមានការប្រមូលថវិកាប្រចាំខែពីអាជីវករក្នុងរូបភាពបែបនេះឡើយ។

ដោយឡែក អាជីវករដែលរងការប៉ះពាល់បានរៀបរាប់ថា សម្រាប់រ៉ឺម៉កខ្នាតតូច ឬការលក់ផ្ទាល់នឹងដី ត្រូវបង់ ៥០,០០០រៀលក្នុងមួយខែ រីឯរ៉ឺម៉កលក់ផ្លែឈើ ឬអាហារសម្រន់ធំៗ ត្រូវបង់ចន្លោះពី ៧០,០០០ ដល់ ១០០,០០០រៀល។ លើសពីនេះ ក៏មានការលើកឡើងថា មានការបង់ប្រាក់ ២ផ្នែកផ្សេងគ្នា គឺមួយផ្នែកជូនរដ្ឋបាលស្រុក និងមួយផ្នែកទៀតជូនខាងរោងចក្រក្នុងតម្លៃ ២០០,០០០រៀល សម្រាប់ទីតាំងលក់ដូរតាមបណ្ដោយរបងរោងចក្រ។

បច្ចុប្បន្ន ប្រជាពលរដ្ឋបានដាក់សំណូមពរយ៉ាងទទូចដល់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ជាពិសេស ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយពិនិត្យ និងមានវិធានការណ៍ស្រាវជ្រាវលើករណីនេះ ដើម្បីធានានូវតម្លាភាព និងជួយសម្រួលដល់ជីវភាពរបស់អាជីវករខ្នាតតូច ដែលកំពុងប្រកបរបរចិញ្ចឹមជីវិតទាំងការលំបាក៕

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *