កំពង់ស្ពឺ៖ យោងតាមសេចក្តីរាយការណ៍ដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុក តាមរយៈទំព័រឈ្មោះ “1post” កាលពីថ្ងៃទី១៤ ខែឧសភា ថ្មីៗនេះ បានឱ្យដឹងថា មានករណីជម្លោះមួយបានកើតឡើងរវាងភ្នាក់ងារគ្រប់គ្រងជញ្ជីងថ្លឹងរថយន្ត និងអ្នកបើកបររថយន្តដឹកជញ្ជូន ដែលស្ថិតនៅចំណុចភូមិកណ្ដាលដុំ ខេត្តកំពង់ស្ពឺ។
តាមការរៀបរាប់របស់អ្នកបើកបររថយន្តនៅក្នុងវីដេអូបំភ្លឺបានឱ្យដឹងថា រថយន្តដឹកឥដ្ឋរបស់លោក នៅពេលចាកចេញពីកន្លែងថ្លឹងដើមទី គឺមានទម្ងន់ត្រឹមតែ ៤០ តោន និង ៥០០ គីឡូក្រាមប៉ុណ្ណោះ។ ក៏ប៉ុន្តែ នៅពេលរថយន្តធ្វើដំណើរមកដល់ស្ថានីយជញ្ជីងថ្លឹងរថយន្តនៅចំណុចកណ្ដាលដុំ ខេត្តកំពង់ស្ពឺ ស្រាប់តែជញ្ជីងនៅទីនោះបង្ហាញទម្ងន់រហូតដល់ទៅ ៤២ តោន ដែលជាការខុសគ្នាពីទម្ងន់ដើមរហូតដល់ ១ តោនកន្លះ។
ប្រភពដដែលបានបន្តអះអាងថា ក្រោយពេលរូបលោកបានបញ្ចេញមតិរិះគន់ និងចោទសួរជុំវិញភាពមិនប្រក្រតីនៃទម្ងន់ជញ្ជីងនេះ ស្រាប់តែបុគ្គលិកដែលប្រចាំការនៅទីនោះ បានបង្ហាញអាការៈខឹងសម្បារយ៉ាងខ្លាំង។ តាមការបញ្ជាក់របស់អ្នកបើកបរនៅក្នុងវីដេអូ រូបលោកត្រូវបានភាគីខាងភ្នាក់ងារជញ្ជីងជេរប្រមាថដោយសម្តីអសុរោះ និងថែមទាំងបានព្យាយាមប្រើហិង្សាមកលើរូបលោកទៀតផង។
ករណីនេះបាននិងកំពុងទាក់ទាញការចាប់អារម្មណ៍ និងការរិះគន់ពីសំណាក់មហាជននៅលើបណ្តាញសង្គម ចំពោះអាកប្បកិរិយារបស់មន្ត្រីអនុវត្តច្បាប់នៅទីនោះ។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាការលើកឡើងតាមរយៈការអះអាងរបស់អ្នកបើកបរតែប៉ុណ្ណោះ ខណៈដែលមកដល់ពេលនេះ ខាងតំណាងស្ថានីយជញ្ជីងថ្លឹងរថយន្តកណ្ដាលដុំ ឬអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺ នៅមិនទាន់មានការចេញមុខបកស្រាយជុំវិញវិវាទខាងលើនេះនៅឡើយទេ៕




















