ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ រួមជាមួយឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធ បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៦ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តព្រៃវែង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្រុមហ៊ុនវឌ្ឍនៈ និងសប្បុរសជនទាំងអស់ ដែលបានសហការរៀបចំ និងឧបត្ថម្ភគាំទ្រដល់កម្មវិធីនេះ។ ឯកឧត្តម ក៏បានសម្តែងនូវការត្រេកអរចំពោះការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងការថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិ។
ជាមួយគ្នានេះ ឯកឧត្តម ជា សុមេធី បានផ្ដល់អនុសាសន៍ផ្ដាំផ្ញើសំខាន់ៗដល់គណៈគ្រប់គ្រងទូក និងកីឡាករទាំងអស់ រួមមាន៖ ទី១ ត្រូវរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យបានល្អ ទី២ ត្រូវគោរពបទបញ្ជាផ្ទៃក្នុង និងវិន័យនៃការប្រកួតឱ្យបានខ្ជាប់ខ្ជួនក្នុងស្មារតីកីឡា និងទី៣ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព និងសុវត្ថិភាពលើផ្ទៃទឹក ដោយត្រូវសម្រាក និងបរិភោគឱ្យបានគ្រប់គ្រាន់ ដើម្បីមានកម្លាំងមាំមួនក្នុងការប្រកួតយកជ័យជម្នះជូនមូលដ្ឋានរៀងៗខ្
លួន។




















