នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុវត្តការបណ្តេញជនបរទេសសរុបចំនួន ៤២៨នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។

ការអនុវត្តវិធានការណ៍ដ៏ម៉ឺងម៉ាត់នេះ គឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួង ព្រមទាំងក្រោមការណែនាំផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍។

ជនបរទេសសរុបចំនួន ៤២៨នាក់ ក្នុងនោះមានស្រី ៤នាក់ ដែលត្រូវបានបណ្តេញចេញនោះ មាន ៨ សញ្ជាតិ រួមមាន៖ សញ្ជាតិចិន ឥណ្ឌូនេស៊ី បង់ក្លាដេស កូរ៉េ ប៉ាគីស្ថាន យូហ្គង់ដា នីហ្សេរីយ៉ា និងឥណ្ឌា។ គួរកត់សម្គាល់ថា ក្នុងចំណោមចំនួនសរុបនេះ ជនជាតិចិនមានចំនួនច្រើនជាងគេ រហូតដល់ទៅ ៤០១នាក់។

ជនបរទេសទាំងនេះត្រូវបានរកឃើញថា បានពាក់ព័ន្ធនឹងករណីលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពួកគេត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជាតាមរយៈ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីធានាបាននូវការអនុវត្តនីតិវិធីត្រឹមត្រូវតាមច្បាប់អន្តោប្រវេសន៍របស់កម្ពុជា។ វិធានការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងមហាផ្ទៃ ក្នុងការគ្រប់គ្រងជនបរទេស និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *