(ខេត្តត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិទួលព្រីង ឃុំជីគរ ស្រុកត្បូងឃ្មុំ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងស្នើសុំឱ្យអាជ្ញាធរថ្នាក់ខេត្ត មេត្តាចាត់វិធានការបង្ក្រាបសង្វៀនល្បែងស៊ីសងខុសច្បាប់ រួមមានជល់មាន់ អាប៉ោង និងយូគី ដែលកំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេងក្នុងមូលដ្ឋានរបស់ពួកគាត់។
យោងតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ទីតាំងល្បែងស៊ីសងខ្នាតយក្សនេះ ត្រូវបានគេស្គាល់ថាជារបស់បុគ្គលឈ្មោះ ថុន និងឈ្មោះ ណាក់ ដោយបានបើកលេងនៅចំណុចចម្ការស្វាយ ក្នុងភូមិទួលព្រីង។ អ្វីដែលជាការកត់សម្គាល់ គឺក្រុមអ្នកញៀនល្បែងតែងតែផ្លាស់ប្តូរទីតាំងចល័តពីកន្លែងមួយទៅកន្លែងមួយ ដើម្បីគេចវេសពីការបង្ក្រាប ខណៈដែលពលរដ្ឋបានរិះគន់ចំពោះភាពស្ងៀមស្ងាត់នៃអាជ្ញាធរមូលដ្ឋានដែលហាក់មើលរំលងសកម្មភាពខុសច្បាប់ទាំងនេះ។
ជុំវិញបញ្ហានេះ លោក សាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ បានបំភ្លឺថា មូលហេតុដែលបង្កការលំបាកដល់សមត្ថកិច្ចក្នុងការបង្ក្រាប ដោយសារក្រុមអ្នកលេងល្បែងទាំងនោះលួចលេងក្នុងលក្ខណៈចល័ត។ ទោះជាយ៉ាងណា លោកបានថ្លែងអំណរគុណចំពោះការផ្ដល់ព័ត៌មាន និងសន្យានឹងចាត់មន្ត្រីជំនាញឱ្យចុះត្រួតពិនិត្យលើករណីនេះជាបន្ទាន់។
បច្ចុប្បន្ន ប្រជាពលរដ្ឋកំពុងទទូចស្នើសុំដល់លោក ប៉ែន កុសល អភិបាលខេត្តត្បូងឃ្មុំ និងលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត មេត្តាជួយអន្តរាគមន៍បង្ក្រាបឱ្យខាងតែបាន ដើម្បីពង្រឹងគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» និងបង្ការនូវអំពើចោរកម្ម ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារដែលកើតចេញពីល្បែងស៊ីសងទាំងនេះ។




















