ភ្នំពេញ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចេញមកប្រកាសជាសាធារណៈនូវការទទួលខុសត្រូវខ្ពស់បំផុតចំពោះបញ្ហាគម្រោង 6A ដែលមិនអាចបញ្ចប់បានតាមការគ្រោងទុក។ លោកបានស្នើសុំទៅរាជរដ្ឋាភិបាល និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីចាត់ចែងលើទ្រព្យសម្បត្តិទាំងអស់របស់លោក និងក្រុមគ្រួសារ ក្នុងគោលបំណងដោះស្រាយផលប៉ះពាល់ជូនបងប្អូនប្រជាពលរដ្ឋដោយភាពស្មោះត្រង់។
នៅក្នុងសារលិខិតនោះ អ្នកឧកញ៉ា និងសមាជិកគ្រួសារដែលមានគោរមងារជាឧកញ៉ា និងអ្នកឧកញ៉ា សរុបចំនួន ៥រូប រួមមាន៖ អ្នកឧកញ៉ា ឡេង ប្រុស, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា, ឧកញ៉ា ឡេង និមល, ឧកញ៉ា ឡេង បញ្ចាពណ៌ និងឧកញ៉ា សុន តារ៉ាវុធ បានសម្រេចស្នើសុំទៅព្រះមហាក្សត្រ ដើម្បីបញ្ចប់គោរមងារទាំងអស់ ដើម្បីបង្ហាញពីចំហរនៃការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋកម្ពុជាចំពោះមុខច្បាប់។
ទាក់ទិននឹងទិន្នន័យហិរញ្ញវត្ថុ លោកបានបញ្ជាក់ថា គម្រោង 6A ទទួលបានចំណូលសរុប ១៨៥លានដុល្លារ ប៉ុន្តែការចំណាយជាក់ស្តែងបានកើនឡើងដល់ ២២១លានដុល្លារ និងអាចត្រូវការថវិកាបន្ថែមប្រមាណ ២០ ទៅ ៣០លានដុល្លារទៀតដើម្បីបញ្ចប់ការសាងសង់។ លោកបានសង្កត់ធ្ងន់ថា លោកមានកំហុសពីរយ៉ាងគឺ ការយឺតយ៉ាវនៃគម្រោង និងការជំពាក់បំណុល ហើយលោកត្រៀមខ្លួនសហការ ១០០ភាគរយជាមួយការស៊ើបអង្កេតរបស់ក្រសួងពាក់ព័ន្ធ។
បច្ចុប្បន្ន លោកបានប្រគល់សិទ្ធិសម្រេចជូនក្រសួងដែនដី ក្នុងការចាត់ចែងលើអចលនទ្រព្យ និងទ្រព្យសម្បត្តិផ្សេងៗដែលមានរាប់ពាន់ហិចតា ទោះបីជាតម្លៃដីធ្លីនាពេលបច្ចុប្បន្នមិនទាន់អាចទូទាត់បំណុលបានទាំងស្រុងក៏ដោយ។ លោកក៏បានសំណូមពរដល់រាជរដ្ឋាភិបាល សុំសន្តោសប្រណីដល់ក្រុមគ្រួសារ និងកូនៗរបស់លោក ខណៈដែលលោកសុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ដើម្បីស្វែងរកដំណោះស្រាយសមស្របតាមសុភវិនិច្ឆ័យរបស់អាជ្ញាធរ។




















