(ព្រៃវែង)៖ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ព្រមទាំងលោកជំទាវ កែ សួនសុភី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានា ក្នុងវត្តសិរីឧត្ដម (ហៅវត្តត្របែក) ដែលស្ថិតស្ថេរក្នុងភូមិត្របែក ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ក្នុងពិធីដ៏មហោឡារិកនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តមសមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ គណៈប្រតិភូអមដំណើរ ឯកឧត្តមប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំ។
ទន្ទឹមនឹងនេះ ក៏មានវត្តមានសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានពន្ធនាគារខេត្ត សប្បុរសជន លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុកទាំង១៣ មន្ត្រីរាជការ កងកម្លាំងមូលដ្ឋាន ក្រុមប្រឹក្សាឃុំ មេភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាយប្ញទ្ធិ ក្រុមគ្រូពេទ្យ ប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋយ៉ាងកុះករ សរុបប្រមាណ ២,៥៤២អង្គ/រូប។
សមិទ្ធិផលនានាដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាសក្ខីភាពបង្ហាញពីការរីកចម្រើនឥតឈប់ឈរនៃវិស័យអាណាចក្រ និងពុទ្ធចក្រ ដែលកើតចេញពីកម្លាំងសាមគ្គីភាព សទ្ធាជ្រះថ្លារបស់សប្បុរសជន និងបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់នៃសុខសន្តិភាព និងការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា៕




















