ខេត្តព្រៃវែង៖ នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ នៅសាលាខេត្តព្រៃវែង ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអនុញ្ញាតឱ្យឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ជំនួបពិភាក្សានេះ មានគោលបំណងសំខាន់ដើម្បីឈ្វេងយល់អំពីសភាពការណ៍ទូទៅ និងសក្កានុពលនៃការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងខេត្តព្រៃវែង។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានពិភាក្សាលើការកសាងសមិទ្ធផលថ្មីៗ ដែលបាននិងកំពុងលេចរូបរាងឡើងនៅក្នុងទឹកដីខេត្តព្រៃវែង ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្តព្រៃវែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ប្រពៃរបស់ឯកឧត្តមអគ្គរដ្ឋទូត និងសហការី ដែលបានចំណាយពេលដ៏មានតម្លៃអញ្ជើញមកទស្សនកិច្ច និងឈ្វេងយល់ពីការរីកចម្រើនក្នុងខេត្ត។ ឯកឧត្តមក៏បានសម្តែងនូវការដឹងគុណចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលបាននាំមកនូវផលប្រយោជន៍ជាច្រើនដល់ការអភិវឌ្ឍមូលដ្ឋាន។
ជាទីបញ្ចប់នៃជំនួបសម្ដែងការគួរសម ឯកឧត្តម សួន សុម៉ាលីន ក៏បានជូនពរដល់ឯកឧត្តម Wang Wenbin ព្រមទាំងសហការី សូមមានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តពង្រឹងទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕




















