ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាសព័ត៌មានលម្អិត អំពីវឌ្ឍនភាព និងវិធានការចុងក្រោយ ក្នុងការដោះស្រាយវិបត្តិជាប់គាំងនៃគម្រោងបុរី ឡេង ណាវ៉ាត្រា និងគម្រោងជ្រៃមួយរយ របស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក ដែលបានធ្វើឱ្យប៉ះពាល់ដល់អតិថិជនប្រមាណ ៣៨,០០០គ្រួសារ នៅទូទាំងប្រទេស។
តាមរយៈសេចក្តីប្រកាសដដែល ក្រសួងបានឱ្យដឹងថា ដោយសារក្រុមហ៊ុនពុំមានលទ្ធភាពសាងសង់បញ្ចប់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា (ឡេង ភត្រា) បានប្រគល់សិទ្ធិជូនក្រសួងដឹកនាំការសាងសង់ និងចាក់ដីបំពេញ ព្រមទាំងឯកភាពលក់ឡៃឡុងនូវអចលនទ្រព្យរបស់ក្រុមហ៊ុន និងទ្រព្យផ្ទាល់ខ្លួន ដើម្បីស្វែងរកថវិកាដោះស្រាយជូនអតិថិជន។ គិតត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងសម្រេចបាននូវការប្រគល់ផ្ទះចំនួន ៥៩៨ខ្នង និងចុះបញ្ជីចេញបណ្ណកម្មសិទ្ធិជូនអតិថិជនដែលបង់ប្រាក់គ្រប់ចំនួនបានចំនួន ៥,៩៧០បណ្ណ រួចរាល់ហើយ។
ដោយឡែក ក្រសួងបានព្រមានធ្ងន់ៗចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមពីគណនីឈ្មោះ “Leng Navatra”, “Ton ChanSeyma” និង “Leng Nimol” ដែលក្រសួងចាត់ទុកថាជាការបំភាន់ការពិត និងបំពុលបរិយាកាសសង្គម។ ទង្វើទាំងនេះអាចប្រឈមនឹងបទបរិហារកេរ្តិ៍ បទញុះញង់ និងបទប្រមាថតាមក្រមព្រហ្មទណ្ឌ។ ក្រសួងអំពាវនាវឱ្យអតិថិជនបន្តចូលរួមតាមយន្តការសម្របសម្រួល ដើម្បីធានាបាននូវផលប្រយោជន៍ស្របច្បាប់ និងដោះស្រាយវិបត្តិឱ្យមានប្រសិទ្ធភាពបំផុត។




















