ភ្នំពេញ៖ ក្រសួងយុត្តិធម៌បានចេញមកបញ្ជាក់ច្បាស់ៗជុំវិញករណីចោទប្រកាន់ថា មានការអនុវត្តខុសនីតិវិធីរបស់មន្ត្រីតុលាការនៅសាលាដំបូងខេត្តស្ទឹងត្រែង។ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ចំពោះករណីឈ្មោះ ស្លេះ ហ្វឺត និងឈ្មោះ ណុះ សូឡោះ ដែលបានប្តឹងពីភាពមិនប្រក្រតីនៃនីតិវិធីតុលាការនោះ សាមីខ្លួនបានដាក់ពាក្យបណ្តឹងផ្ទាល់ទៅកាន់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមរួចរាល់ហើយ។
ពាក់ព័ន្ធនឹងករណីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចបញ្ជូនសំណុំរឿងតាមនីតិវិធីជាធរមាន ទៅកាន់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីពិនិត្យស្រាវជ្រាវឱ្យបានល្អិតល្អន់ និងចាត់ការតាមសមត្ថកិច្ច។ ក្នុងករណីរកឃើញថាមន្ត្រីពាក់ព័ន្ធមានកំហុសពិតមែន នោះនឹងត្រូវអនុវត្តទៅតាមច្បាប់ និងយន្តការវិន័យរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដោយគ្មានការលើកលែង។
ទន្ទឹមនឹងនេះ ក្រសួងយុត្តិធម៌ក៏បានចាត់តាំងក្រុមការងារឱ្យចុះស្រាវជ្រាវបន្ថែមលើករណីនេះផងដែរ។ លទ្ធផលនៃការចុះអង្កេតនេះ នឹងត្រូវបញ្ជូនទៅកាន់ក្រុមប្រឹក្សាវិន័យ ដើម្បីធ្វើជាមូលដ្ឋានគ្រឹះបន្ថែមសម្រាប់ការធ្វើអធិការកិច្ច ក្នុងបំណងធានាឱ្យបាននូវយុត្តិធម៌ និងភាពត្រឹមត្រូវតាមច្បាប់សម្រាប់ភាគីពាក់ព័ន្ធទាំងអស់។




















