ឃាត់ខ្លួននាយកសាលាម្នាក់នៅស្រុកបវេល ពាក់ព័ន្ធករណីសង្ស័យបំពានផ្លូវភេទលើក្មេងស្រីអាយុ ១២ឆ្នាំ

(បាត់ដំបង)៖ កម្លាំងសមត្ថកិច្ចបានសម្រេចឃាត់ខ្លួនបុរសម្នាក់ ដែលមានតួនាទីជានាយកសាលា នៅស្រុកបវេល ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការចោទប្រកាន់លើករណីបំពានផ្លូវភេទទៅលើក្មេងស្រីវ័យ ១២ឆ្នាំម្នាក់។

យោងតាមរបាយការណ៍បឋម ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ជក់ ហុង មានតួនាទីជានាយកសាលា។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅក្នុងភូមិបឹងសង្កែ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង បន្ទាប់ពីមានបណ្តឹងពាក់ព័ន្ធនឹងសកម្មភាពមិនសមរម្យលើអនីតិជន។

ប្រភពព័ត៌មានបានឱ្យដឹងបន្ថែមថា ក្រោយកើតហេតុ ជនសង្ស័យបានព្យាយាមស្វែងរកការសម្របសម្រួលជាមួយក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះ ដើម្បីបញ្ចប់រឿង ប៉ុន្តែមិនទទួលបានលទ្ធផល ទើបឈានដល់ការអន្តរាគមន៍ពីសំណាក់សមត្ថកិច្ច និងឈានដល់ការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងតាមនីតិវិធីច្បាប់ និងបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ជាធរមាន។

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *