(កោះកុង)៖ ក្នុងវិធានការបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែនទ្រង់ទ្រាយធំ សាលាដំបូងខេត្តកោះកុង បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទចំនួន ១២នាក់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់សរុប ១.២០០លានរៀល ក្រោយរកឃើញកំហុសជាក់ស្តែងក្នុងករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនខុសច្បាប់ដែលមានទម្ងន់សរុបជិត ៤,៥តោន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រុមប្រឹក្សាជំនុំជម្រះបានបើកសវនាការជាសាធារណៈកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីកាត់សេចក្តីលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤០៣ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤។ លុះមកដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ តុលាការបានប្រកាសសាលក្រមលេខ ៥៧ “ង” ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទទាំង ១២រូប (ស្រីម្នាក់) រួមមានឈ្មោះ យន់ សារ៉េម, យឿន សុខុន, សឿន រិទ្ធី, ជី មករា, អៀង ប៉ុច, យន់ សារ៉ាត់, យន សារួន, ប៉ិ ពាវ, ស៊ូ ម៉េងទៀង, ទុយ ម៉ារីណែត និងឈ្មោះ បួន បឹង (ហៅ ផ លាង)។
បទល្មើសដែលក្រុមជនល្មើសបានប្រព្រឹត្ត ត្រូវបានចែង និងបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤០ និងមាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន បន្ទាប់ពីសមត្ថកិច្ចបានបង្ក្រាប និងដកហូតវត្ថុតាងគ្រឿងញៀនសរុបចំនួន ៤.៤៨២,៦៦១ គីឡូក្រាម (ជិត ៤តោនកន្លះ) នៅក្នុងភូមិសាស្ត្រខេត្តកោះកុង កាលពីអំឡុងខែកញ្ញា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងនោះរួមមានប្រភេទ កេតាមីន (Ketamine) ចំនួន ៤១១,៤៩៤ គីឡូក្រាម និងប្រភេទមេតំហ្វេតាមីន (Methamphetamine) ចំនួន ៤.០៧១,១១៧ គីឡូក្រាម ដែលត្រូវបានតុលាការបង្គាប់ឱ្យរឹបអូស និងបំផ្លាញចោលតាមនីតិវិធី។
ជាមួយគ្នានេះ តុលាការក៏បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទឈ្មោះ បួន បឹង ឬ បួន បឹង (BOUN BOENG) ហៅ ផ លាង ហៅ យ៉ាវ ភេទប្រុស កើតឆ្នាំ១៩៧៧ តាមមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីយកមកអនុវត្តទោសតាមច្បាប់។
អ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ចំណាត់ការផ្លូវច្បាប់នេះ គឺជាការបង្ហាញពីឆន្ទៈដ៏មុតស្រួចរបស់ស្ថាប័នតុលាការ និងអយ្យការ ក្នុងការលុបបំបាត់បទល្មើសគ្រឿងញៀន ដែលជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ការផ្តន្ទាទោសកម្រិតអតិបរមានេះ ក៏ជាសារព្រមានដល់ជនទាំងឡាយណាដែលមានបំណងចង់ប្រព្រឹត្តបទល្មើសគ្រឿងញៀននៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
គួរបញ្ជាក់ថា នេះគឺជាសំណុំរឿងគ្រឿងញៀនដ៏ធំបំផុតមួយ ដែលសាលាដំបូងខេត្តកោះកុងបានសម្រេចសេចក្តី ប្រកបដោយតម្លាភាព និងភាពម៉ត់ចត់បំផុត ដើម្បីធានាឱ្យបាននូវសណ្តាប់ធ្នាប់សាធារណៈ និងយុត្តិធម៌សង្គម៕




















